
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៥ / សុខភាព / Author : ATH Sokren
អ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ប្រមាណជិត២០០នាក់ ដែលភាគច្រើនជាគ្រូពេទ្យ ឱសថការី និងនិស្សិតពេទ្យ បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមសិក្ខាសាលាស្តីពីការបង្ការផលវិបាកទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ជាពិសេសទាក់ទងនឹងភ្នែក តម្រង់នោម និងបេះដូង។ ព្រឹត្តិការណ៍នេះដែលរៀបចំឡើងដោយក្រុមការងារផ្នែកទីផ្សារនៃសហគ្រាសផលិតឱសថប៉េប៉េអឹម សហការជាមួយភ្នាក់ងារចែកចាយឱសថ Sanofi Global Unit ជាឱកាសដ៏ល្អសម្រាប់លើកឡើងពីការរីកចម្រើនថ្មីៗ និងអនុសាសន៍ទាក់ទងនឹងការព្យាបាលជំងឺរ៉ាំរ៉ៃទាំងនេះ។
សិក្ខាសាលាប្រមូលផ្តុំដោយពេទ្យឯកទេសល្បីៗមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដូចជាលោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិតទូច ឃុន (គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងជាប្រធានផ្នែកជំងឺទឹកនោមផ្អែម) វេជ្ជបណ្ឌិតលីម អ៊ាកស៊្រុង (គ្រូពេទ្យឯកទេស ជំងឺបេះដូង ប្រធានផ្នែកសង្គ្រោះជំងឺបេះដូង) និងវេជ្ជបណ្ឌិត ស សុផារី (គ្រូពេទ្យឯកទេសខាងក្រពេញ និង ជំងឺទឹកនោមផ្អែម )។ ក្នុងសិក្ខាសាលា លោកវេជ្ជបណ្ឌិតទូច ឃុន បានរម្លឹកពីការកើនឡើងជាលំដាប់នៃជំងឺរ៉ាំរ៉ៃនេះនៅទ្វីបអាស៊ី និងនៅលើពិភពដោយលោកបានគូសបញ្ជាក់ពីតួនាទីស្នូលនៃជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមក្នុងការបង្ករឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់ដល់សរីរាង្គសំខាន់ៗ។
ចំណែកឯលោកស្រីវេជ្ជបណ្ឌិត ស សុផារី បានបង្ហាញពីស្ថិតិចុងក្រោយបង្អស់របស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិនៅឆ្នាំ២០២១ មានមនុស្ស ៥៣៧ លាននាក់នៅលើពិភពលោកកើតជំងឺទឹកនោមផ្អែម ហើយតួលេខនេះអាចនឹងកើនឡើង ៤៦% នៅឆ្នាំ២០៤៥ ពោលគឺនឹងមានអ្នកជំងឺទឹកនោមផ្អែមរហូតដល់ ៧៨៣ លាននាក់។ លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងពីសារសំខាន់នៃការធ្វើតេស្តឈាមរកមើលជាតិស្ករឱ្យបានឆាប់រហ័ស និងបានណែនាំឱ្យប្រញាប់ប្រើប្រាស់អាំងសូលីន និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ ប៉ុន្តែ លោកស្រីបានរម្លឹកថា មានតែ៥៥,៥% នៃអ្នកជំងឺទទួលបានការព្យាបាលប៉ុណ្ណោះ ដែលអាចគ្រប់គ្រងជាតិស្កររបស់ខ្លួនបានល្អ ចំណែកឯអ្នកជំងឺជិត ៥០% ទៀតមិនអាចគ្រប់គ្រងបានល្អឡើយ។
លោកវេជ្ជបណ្ឌិតលីម អ៊ាកស៊្រុង បានលម្អិតពីអនុសាសន៍ឆ្នាំ២០២៥ របស់សមាគមជំងឺបេះដូងអាមេរិក និងអឺរ៉ុប ដែលបានបែងចែកជំងឺលើសឈាមជាបីប្រភេទ។ លោកណែនាំអ្នកជំងឺថ្មីធ្វើការផ្លាស់ប្តូរទម្លាប់រស់នៅជាបឋមឱ្យបានបីខែសិន មុននឹងចាប់ផ្តើមប្រើថ្នាំព្យាបាល។ បើតាមប្រសាសន៍របស់លោក ការអប់រំអ្នកជំងឺទាក់ទិននឹងវិធីសាស្ត្រព្យាបាលជំងឺត្រូវតែជាអាទិភាពចម្បងនៅក្នុងការអនុវត្តផ្នែកវេជ្ជសាស្រ្ត (ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺ)។ សិក្ខាកាមទាំងអស់ចង់ឃើញប្រទេសកម្ពុជាមានអនុសាសន៍ថ្នាក់ជាតិដើម្បីធ្វើឱ្យការអនុវត្តផ្នែកវេជ្ជសាស្រ្តមានភាពស៊ីសង្វាក់គ្នានៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកស្រីស៊្រុន ម៉ូនីកា ប្រធានផ្នែកផ្សព្វផ្សាយផលិតផលនៃសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Sanofi បានណែនាំឱសថទើបតែចេញថ្មីរបស់ក្រុមហ៊ុនបារាំងមួយនេះសម្រាប់ព្យាបាលជំងឺលើសឈាម និងការពារតម្រង់នោម និងបេះដូងមានដូចជាៈ ថ្នាំ Aprovel 150 mg និង 200 mg ជាប្រភេទថ្នាំគ្រាប់ផ្ទុកដោយ irbesartan សម្រាប់ព្យាបាលជំងឺលើសឈាម និងការពារតម្រង់នោម និងបេះដូងសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ថ្នាំ CoAprovel 150 mg / 12,5 mg ដែលបានមកពីការផ្សំចូលគ្នារវាង irbesartan និង hydrochlorothiazide សម្រាប់ប្រឆាំងនឹងសម្ពាធឈាមខ្ពស់ តាមរយៈសកម្មភាពនៃថ្នាំបញ្ចុះទឹកនោម។ ថ្នាំ CoAprovel 300 mg / 12,5 mg បានមកពីការផ្សំចូលគ្នារវាង irbesartan 300 mg និង hydrochlorothiazide 12,5 mg សម្រាប់ព្យាបាលអ្នកជំងឺលើសឈាមដែលស៊ាំនឹងថ្នាំមួយចំនួន ឬអ្នកជំងឺដែលត្រូវការធាតុផ្សំទាំងពីរជាចាំបាច់។
លោកតិច ស៊ីម៉ូ ប្រធានផ្នែកទីផ្សារក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម សង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃនេះ។ បើតាមប្រសាសន៍របស់លោក សហគ្រាសផលិតឱសថប៉េប៉េអឹមសន្យាថា មិនត្រឹមតែបំពេញតួនាទីជាក្រុមហ៊ុនផលិត និងចែកចាយឱសថប៉ុណ្ណោះទេ តែសហគ្រាសប៉េប៉េអឹមបានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការបង្ការក្នុងចំណោមអ្នកជំនាញសុខភាព ដោយមានការគំាទ្រពីដៃគូសហការរបស់ខ្លួនដូចជាក្រុមហ៊ុន Sanofi ជាដើម។
ជាកិច្ចបិទវគ្គបញ្ចប់ លោកវេជ្ជបណ្ឌិតទូច ឃុន បានអះអាងថា ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនត្រូវកំណត់ត្រឹមការព្យាបាលតែជំងឺនេះមួយមុខទេ គឺត្រូវបញ្ចូលវិធានការបង្ការជំងឺផ្សេងៗទៀត ជាពិសេសទាក់ទងនឹងជំងឺលើសឈាម និងជំងឺខ្លាញ់ក្នុងឈាម។ ចុងបញ្ចប់ លោករម្លឹកថា អាំងសូលីនជំនាន់ថ្មីជួយឱ្យការគ្រប់គ្រងជាតិស្ករបានប្រសើរជាងមុន ដោយគ្មានហានិភ័យកើនឡើងដល់បេះដូង និងតម្រង់នោម ហើយលោកក៏មិនភ្លេចអំពាវនាវដល់អ្នកជំងឺដែលទទួលការព្យាបាលឱ្យមានទម្លាប់រស់នៅប្រសើរជាងមុនផងដែរ៕